ក្រុមហ៊ុនផ្សារទំនើបយក្ស Kroger កាត់បន្ថយបុគ្គលិក ៣,០០០ នាក់ ដើម្បីងាកទៅពឹងផ្អែកលើ AI
ក្រុមហ៊ុនផ្សារទំនើប Kroger បានប្រកាសផែនការកាត់បន្ថយបុគ្គលិកការិយាល័យកណ្តាលចំនួន ៣,០០០ នាក់ ក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីបង្វែរថវិកាទៅវិនិយោគលើប្រព័ន្ធស្វ័យប្រវត្តិកម្ម AI។ ផែនការនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពចំណាយ ប៉ុន្តែបានបង្កឱ្យមានការព្រួយបារម្ភអំពីការជំនួសកម្លាំងពលកម្មដោយបញ្ញាសិប្បនិម្មិត។

ក្រុមហ៊ុនផ្សារទំនើបលក់រាយធំបំផុតមួយនៅសហរដ្ឋអាមេរិក Kroger បានប្រកាសផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរយៈពេល ៣ ឆ្នាំ ដោយនឹងត្រូវកាត់បន្ថយបុគ្គលិកការិយាល័យកណ្តាល (Corporate Employees) ចំនួន ៣,០០០ នាក់ ដើម្បីបង្វែរថវិកាទៅវិនិយោគលើប្រព័ន្ធស្វ័យប្រវត្តិកម្ម AI ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ភស្តុភារកម្ម និងការកំណត់តម្លៃទំនិញស្វ័យប្រវត្តិ។
ថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់ថា ការកាត់បន្ថយនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពចំណាយ និងបង្កើនល្បឿនប្រតិបត្តិការអាជីវកម្ម។ ទោះជាយ៉ាងណា សេចក្តីប្រកាសនេះបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមបុគ្គលិកការិយាល័យ អំពីការជំនួសកម្លាំងពលកម្មជំនាញដោយបញ្ញាសិប្បនិម្មិត។



