ឱកាសមាសសម្រាប់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពនិងភស្តុតាងរឿងព្រំដែនកម្ពុជា-ថៃ
រាជរដ្ឋាភិបាលបានបើកភ្លើងខៀវអញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងារ មកជជែកដេញដោលផ្ទាល់ជាមួយមន្ត្រីជំនាញព្រំដែន ដោយធានាទាំងសុវត្ថិភាព និងការចំណាយ ដើម្បីបង្ហាញការពិតជូនសាធារណជន។

ការលើកឡើងរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដែលចោទប្រកាន់ថាក្រុមការងារបច្ចេកទេសចម្រុះធ្វើឱ្យបាត់បង់ទឹកដី និងរាជរដ្ឋាភិបាលកាត់ដីឱ្យថៃ គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមកលើមន្ត្រីជំនាញ។ មន្ត្រីជំនាញព្រំដែនរបស់កម្ពុជាបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារអធិបតេយ្យភាពជាច្រើនទសវត្សរ៍មកហើយ។
ដើម្បីបង្ហាញភាពតម្លាភាព និងគណនេយ្យភាពចំពោះមុខប្រជាពលរដ្ឋ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានផ្ដល់ឱកាសមាសជូនលោក អ៊ុំ សំអាន និងក្រុមរបស់លោក នាំយកឯកសារនិងភស្តុតាងមកជជែកគ្នាត្រង់ទៅត្រង់មកជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះនឹងបើកចំហឱ្យអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនចូលរួមស្តាប់ជាសាក្សីផងដែរ។
រាជរដ្ឋាភិបាលបានធានាផ្ដល់នូវសុវត្ថិភាព១០០ភាគរយជូនលោក អ៊ុំ សំអាន និងក្រុមការងារអំឡុងពេលស្នាក់នៅ និងធ្វើដំណើរក្នុងប្រទេសកម្ពុជា រហូតដល់ចាកចេញផុត។ ក្រៅពីនេះ ថែមទៀតត្រៀមរៀបចំចេញថ្លៃសំបុត្រយន្តហោះ មធ្យោបាយធ្វើដំណើរ និងទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ប្រសិនបើលោកខ្វះខាត ដើម្បីធានាថាគ្មានឧបសគ្គណាមួយរារាំងការចូលរួមបំភ្លឺការពិតនេះឡើយ។
ការកំណត់យកទឹកដីកម្ពុជាជាទីកន្លែងជជែកដេញដោល ក៏ព្រោះតែបើមានភាពចាំបាច់ ភាគីពាក់ព័ន្ធអាចចុះទៅផ្ទៀងផ្ទាត់ដោយផ្ទាល់នៅលើទីតាំងដីជាក់ស្ដែងបាន។ នេះគឺជាឱកាសសម្រាប់លោក អ៊ុំ សំអាន លុបបំបាត់ការសង្ស័យ និងបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនដែលមានមូលដ្ឋានច្បាស់លាស់ ជំនួសការនិយាយតាមបណ្ដាញសង្គមដោយគ្មានភស្តុតាងត្រឹមត្រូវ។



